![6](http://cdn.sabay.com/cdn/news.sabay.com.kh/wp-content/uploads/2015/09/628.jpg?ebb82d)
លោក ធិន វិចិត្រ បំពាក់មេដាយដល់កីឡាករជើងឯកជាតិកន្លងមក
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា លោកបានស្នើសុំដល់សហព័ន្ធកីឡាចំបាប់របស់ប្រទេសឥណ្ឌូណេស៊ីរួច ហើយ ដើម្បីឲ្យកីឡាករចំបាប់កម្ពុជាបានទៅហ្វឹកហាត់នៅទីនោះរយៈពេលមួយ ឆ្នាំ ប៉ុន្តែខាងឥណ្ឌូណេស៊ីមិនទាន់បានសម្រេចឲ្យទៅហ្វឹកហាត់រយៈពេល មួយឆ្នាំនោះឡើយគឺអាចឲ្យបានត្រឹមរយៈ៣ខែប៉ុណ្ណោះ។
អគ្គលេខាធិការរូបនេះបានបន្តថា រយៈពេលនៃការផ្ដល់ជួនរបស់ឥណ្ឌូណេស៊ីនេះ កម្ពុជាមិនទទួលយកឡើយ ដោយសារចង់ឲ្យកីឡាករកម្ពុជាហ្វឹកហាត់រយៈពេលយូរទើបអាចមាន សមត្ថភាពពេញលេញល្អ។ ដោយសារការស្នើសុំរបស់កម្ពុជាមានរយៈពេលយូរដូចនេះ ខាងឥណ្ឌូណេស៊ី សុំពន្យារពេលគិតមួយរយៈសិន ដើម្បីប្រជុំពិភាក្សាគ្នាម្ដងទៀតមុននឹងសម្រេចយល់ព្រមឬយ៉ាងណា។
លោកបានប្រាប់ទៀតថា មូលហេតុដែលសហព័ន្ធចំបាប់កម្ពុជាចង់បញ្ជូនកីឡាកររបស់ខ្លួនទៅ ហ្វឹកហាត់នៅទីនោះ ពីព្រោះប្រទេសឥណ្ឌូណេស៊ីមានកម្មវិធីប្រកួតចំបាប់រហូតដល់ទៅ ជាង១០ដងក្នុងមួយឆ្នាំ ហើយនៅទីនោះមានគ្រូបង្វឹកល្អៗ ជាច្រើនក្នុងវិស័យកីឡាចំបាប់នេះ។ បើប្រៀបធៀបមកកម្ពុជា កម្មវិធីប្រកួតចំបាប់មានត្រឹមពីរដងក្នុងមួយឆ្នាំ ដែលជាហេតុធ្វើឲ្យចំបាប់នៅកម្ពុជាចាំបាច់ត្រូវតែទៅហ្វឹកហាត់នៅ ក្រៅប្រទេស និងចូលរួមប្រកួតកម្មវិធីលើឆាកអន្តរជាតិឲ្យបានញឹកញាប់ទើបរីក ចំរើនកាន់តែខ្លាំង។
លោក ធិន វិចិត្រ បានសង្កត់ធ្ងន់ថា ម៉្យាងទៀតការទៅហាត់នៅប្រទេសឥណ្ឌូណេស៊ីក៏ចង់ហាត់រៀនអំពី បច្ចេកទេសចំបាប់របស់គេ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីជើងឯកអាស៊ាននៅឆ្នាំ២០១៨ ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ការចូលរួមប្រកួតកីឡាចំបាប់របស់កម្ពុជាក្នុងកម្មវិធី Indonesia Open Tournament Wrestling Children and Seniors 2015 នៅប្រទេសឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះ កម្ពុជាទទួលបានមេដាយចំនួនពីរគ្រឿងក្នុងចំណោមកីឡាករ៣នាក់ ដែលបានបញ្ជូនទៅគឺមេដាយប្រាក់បានទៅកីឡាការិនី ជ័យ ច័ន្ទរស្មី ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម និងកីឡាករ ឌន សៅ ឈ្នះមេដាយសំរឹទ្ធក្នុងប្រភេទទម្ងន់៩៧គីឡូក្រាម។ ចំណែកកីឡាករ ងួន មករា ដែលប្រកួតក្នុងទម្ងន់ ៧៤ គីឡូក្រាមបានធ្លាក់ត្រឹមវគ្គជម្រុះ៕
0 comments:
Post a Comment